ព័ត៌មាន

ការបង់កម្រៃសេវាសាធារណៈ ថ្លៃជួលទ្រព្យសម្បត្តិរដ្ឋ ឬ កម្រៃចំណូលមិនមែនសារពើពន្ធផ្សេងទៀតរបស់រដ្ឋ របស់ ក្រសួងចំនួន ១០ បន្ថែមរួមទាំងមន្ទីរជំនាញក្រោមឱវាទ អាចធ្វើបានតាមប្រព័ន្ធអេឡិចត្រូនិក (e-Payment)

នាព្រឹកថ្ងៃ ព្រហស្បតិ៍ ១១ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ០៨៖៣០ នាទីព្រឹក ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញនៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ និង ជាសមាជិកក្រុមការងារបច្ចេកទេសនៃប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់អេឡិចត្រូនិក (e-Payment) សម្រាប់ការប្រមូលចំណូលមិនមែនសារពើពន្ធ ជំហានទី២” សម្រាប់ក្រសួងចំនួន ១០ បន្ថែម រួមទាំងមន្ទីរជំនាញក្រោមឱវាទ តាមរយៈប្រព័ន្ធសន្និសីទវីដេអូដោយប្រើប្រាស់កម្មវិធី Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ និង ជាប្រធានក្រុមការងារ ក.ម.ព ។

ក្រសួងចំនួន ១០ ដែលផ្ដល់មធ្យោបាយសម្រាប់ការទូទាត់តាម e-Payment លើការផ្ដល់សេវាសាធារណៈរបស់ខ្លួន រួមមាន៖ ១-ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, ២-ក្រសួងសាធារណការ និង ដឹកជញ្ជូន, ៣-ក្រសួងអប់រំ យុវជន និង កីឡា, ៤-ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ, ៥-ក្រសួងបរិស្ថាន, ៦-ក្រសួងទេសចរណ៍, ៧-ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ,៨- ក្រសួងរ៉ែ និង ថាមពល, ៩-ក្រសួងពាណិជ្ជកម្ម និង ១០- ក្រសួងប្រេសនីយ៍ និងទូរគមនាគមន៍ ដែលបានបន្ថែមលើក្រសួងចំនួន ៣ ដែលបានអនុវត្តរួចកន្លងមករួមមាន ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង ក្រសួងដែនដី នគរូបនីយកម្ម និង សំណង់ ។

ការទូទាត់តាម e-Payment ខាងលើនេះអាចធ្វើបានតាមរយៈកម្មវិធីទូរសព្ទដៃរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុផ្ទាល់មានឈ្មោះថា NRMIS និង តាមរយៈកម្មវិធីទូរសព្ទដៃរបស់ធនាគារពាណិជ្ជដៃគូចំនួន ២ គឺ ធនាគារអេស៊ីលីដា និង ធនាគារកាណាឌីយ៉ា ដែលផ្ដល់ភាពងាយស្រួលបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋ ធុរជន និង អង្គភាពផ្ដល់សេវាផ្ទាល់ ក្នុងការបង់ប្រាក់ពីគ្រប់ទីកន្លែង និង ការប្រមូលចំណូលមិនមែនសារពើពន្ធរបស់រដ្ឋ ។

ការសម្រេចបាននូវសមិទ្ធផលជោគជ័យបន្ថែមនេះ គឺដោយមានការសហការនិងខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធប្រកបដោយបុរេសកម្ម រួមមាន ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថ, អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពន្ធ, ក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមទាំង ក្រុមការងារបច្ចេកទេសនៃធនាគារអេស៊ីលីដា និង ធនាគារកាណាឌីយ៉ា ។

more_horiz
arrow_upward

ទៅខាងលើ