ព័ត៌មាន

ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានធំៗរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានធំៗបច្ចុប្បន្នរបស់  កសហវ រួមមាន៖

  • ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)
  • ប្រព័ន្ធស្វ័យប្រវត្តិកម្មគយ និង រដ្ឋាករ
  • ប្រព័ន្ធបញ្ជរតែមួយជាតិ
  • ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងទិន្នន័យពន្ធដារ
  • ថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា (CamDX)
  • ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) ។

ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)

ប្រព័ន្ធ FMIS ជាប្រព័ន្ធស្នូលមួយដ៏សំខាន់សម្រាប់គាំទ្រដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលនៅគ្រប់ដំណាក់កាល និង ប្រើប្រាស់ក្នុងការគ្រប់គ្រងការរៀបចំ និង អនុវត្តថវិកាជាតិ (ចំណូល-ចំណាយ), ការអនុវត្តកិច្ចលទ្ធកម្ម, កិច្ចបញ្ជិកាគណនេយ្យសាធារណៈ, ការគ្រប់គ្រងសាច់ប្រាក់ និង ធនាគារ, និង ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសាធារណៈ ។ ប្រព័ន្ធ FMIS មានមុខងារស្នូលចំនួន ៦ ពាក់ព័ន្ធនឹងការអនុវត្តថវិកា និង កិច្ចការរតនាគារ រួមមាន មុខងារវិភាជន៍ថវិកា, មុខងារធានាចំណាយ និង ការទិញ, មុខងារគណនីត្រូវសង និង ចំណាយថវិកា, មុខងារគណនីត្រូវទារ និង ចំណូលថវិកា, មុខងារគ្រប់គ្រងសាច់ប្រាក់ និង មុខងារសៀវភៅធំ ។ នៅក្នុងឆ្នាំ ២០២០ ប្រព័ន្ធ FMIS បានអភិវឌ្ឍនូវមុខងារថ្មីបន្ថែមពីរទៀតគឺ មុខងាររៀបចំផែនការថវិកា និង មុខងារលទ្ធកម្មពេញលេញ ដែលនឹងចាប់ផ្ដើមអនុវត្តសាកល្បងជំហានដំបូងក្នុងឆ្នាំ ២០២១ ។

ប្រព័ន្ធ FMIS ជាប្រព័ន្ធដែលមានរំហូរប្រតិបត្តិការហិរញ្ញវត្ថុ និង ថវិកា រវាងអង្គភាពរដ្ឋនានាជាមួយនឹង កសហវ (G2G) ដែលជាផ្នែកមួយនៃរដ្ឋាភិបាលអេឡិចត្រូនិក និង ឌីជីថល ។ ប្រព័ន្ធ FMIS បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការចាប់តាំងពីឆ្នាំ ២០១៥ និង រហូតមកដល់ឆ្នាំ ២០២០ បានដាក់ដំណើរការប្រើប្រាស់នៅការដ្ឋានសរុបជាង ១២០ រួមមាន អគ្គនាយកដ្ឋានគន្លឹះៗនៃ កសហវ (ដូចជា អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និង គ្រប់គ្រងបំណុល, អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង, អគ្គាធិការដ្ឋាន និង អគ្គនាយកដ្ឋានគោលនយោបាយ), អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុនៃក្រសួងស្ថាប័នទាំងអស់, អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញទាំងអស់នៅថ្នាក់កណ្ដាល, មន្ទីរ សហវ​  រាជធានី-ខេត្ត និង រតនាគាររាជធានី-ខេត្តទាំងអស់ នៅទូទាំងប្រទេស ដែលមានអ្នកប្រើប្រាស់សរុបក្នុងរង្វង់ ១៦៦០ នាក់ ។

ប្រព័ន្ធស្វ័យប្រវត្តិកម្មគយ និង រដ្ឋាករ

ប្រព័ន្ធស្វ័យប្រវត្តិកម្មគយ និង រដ្ឋាករ ត្រូវបានរៀបចំ និង កសាងឡើងនូវប្រព័ន្ធមួយចំនួនដាច់ ដោយឡែកពីគ្នា ដោយប្រព័ន្ធទីមួយហៅថា អាស៊ីគូដា ជាប្រព័ន្ធដែលអភិវឌ្ឍស្ថាប័នអន្តរជាតិស្រាប់ ប្រើប្រាស់ក្នុងការគ្រប់គ្រងប្រតិបត្តិការនាំចេញនាំចូល និង ចំណូលគយពីការធ្វើប្រតិវេទន៍គយធម្មតា ។ មុខងារសំខាន់ៗនៃប្រព័ន្ធនេះ រួមមាន មុខងារស្វ័យប្រវត្តិកម្មប្រតិវេទន៍គយ (នាំចេញ-នាំចូល), មុខងារគ្រប់គ្រងបណ្ណបញ្ចេញទំនិញពីគយ, មុខងារគ្រប់គ្រងភណ្ឌាគារគយមានដែនកំណត់, មុខងារគ្រប់គ្រងកិច្ចការគណនេយ្យ (ទូទាត់, បង្វិលសង, ទូទាត់អេឡិចត្រូនិក – e-Payment ជាដើម), មុខងារគ្រប់គ្រងបង្កាន់ដៃពន្ធយានយន្ត, មុខងារគ្រប់គ្រងលក្ខណៈវិនិច្ឆ័យជ្រើសរើសហានិភ័យ និង វាយតម្លៃប្រព្រឹត្តិកម្មប្រតិវេទន៍គយតាមកម្រិតហានិភ័យ, មុខងារគ្រប់គ្រងនិវេទនបណ្ណទំនិញ និង មុខងារកត់ត្រាលទ្ធផលត្រួតពិនិត្យរូបវ័ន្តទំនិញ ។

ចំណែកឯប្រព័ន្ធទីពីរហៅថាប្រព័ន្ធអេឡិចត្រូនិកគយ (E-Customs) អភិវឌ្ឍឡើងដោយមន្ត្រីបច្ចេកទេសរបស់អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជាផ្ទាល់ ដើម្បីបំពេញបន្ថែមឱ្យប្រព័ន្ធទីមួយខាងលើ និង គាំទ្រនីតិវិធីគយជាក់លាក់មួយចំនួន ដូចជា ការចុះកិច្ចបញ្ជិកាទំនិញមានស្រាប់ក្នុងប្រទេស, ការធ្វើប្រតិវេទន៍ឆ្លងកាត់គយ, ការចុះកិច្ចបញ្ជិកាប្រតិវេទន៍គយសង្ខេប, ការតាមដានស្ថានភាពប្រតិវេទន៍គយ, ការតាមដានលទ្ធផលស្គែនកុងតឺន័រ, ការគ្រប់គ្រងលើតែមប្រិ៍អាករលើផលិតផលថ្នាំជក់, ការគ្រប់គ្រងលិខិតអនុញ្ញាតជញ្ជូនទំនិញ និង ផលិតផលតេលសិលា, ការកែបង្កាន់ដៃពន្ធយានយន្ត, ការរៀបចំសលាកបត្របង់ចំណូលថវិកាជាតិ ជាដើម ។ ម្យ៉ាងទៀត ប្រព័ន្ធអេឡិចត្រូនិកគយបានដាក់ឱ្យដំណើរការនូវមុខងារទូទាត់អេឡិចត្រូនិកផងដែរ (e-Payment) ដែលអនុញ្ញាតឱ្យធុរជនធ្វើការទូទាត់បានតាមអនឡាញបាន ដោយមិនចាំបាច់យកសាច់ប្រាក់ទៅបង់ផ្ទាល់នៅបញ្ជរបង់ប្រាក់ នៃអង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជាឡើយ ។

ក្រៅពីនេះ អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជាបានទទួលយក ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (GTAS) ពីអង្គការគយពិភពលោក (WCO) សម្រាប់ប្រទេសសមាជិកអាចយកទៅប្រើប្រាស់ និង អភិវឌ្ឍមុខងារបន្ថែមសម្រាប់គ្រប់គ្រងការត្រួតពិនិត្យអ្នកដំណើរតាមផ្លូវអាកាសសំដៅបង្ការ និង បង្ក្រាបបទល្មើសឆ្លងដែនតាមផ្លូវអាកាស មានជាអាទិ៍ ការរត់គេចពន្ធ, ការលាងសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម, ការជួញដូរគ្រឿងញៀន និងបទល្មើសឆ្លងដែនផ្សេងទៀត ។

ប្រព័ន្ធបញ្ជរតែមួយជាតិ

ប្រព័ន្ធបញ្ជរតែមួយជាតិ គឺជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលអនុញ្ញាតឱ្យភាគីពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មដឹកជញ្ជូនទំនិញឆ្លងដែន (នាំចេញ-នាំចូល) ដាក់ស្នើព័ត៌មានដោយភ្ជាប់នឹងសំណុំឯកសារនៅត្រង់ច្រកចូលរួមតែមួយ ជាពិសេសសម្រាប់មុខទំនិញដែលជាកម្មវត្ថុនៃការស្នើសុំអាជ្ញាប័ណ្ណ, លិខិតអនុញ្ញាត, វិញ្ញាបនបត្រ ជាដើម ។ ប្រព័ន្ធនេះជាចំណែកមួយនៃរដ្ឋាភិបាលអេឡិចត្រូនិកដែលផ្លាស់ប្ដូរព័ត៌មានរវាងអង្គភាពរដ្ឋ និង រដ្ឋ (G2G), ផ្លាស់ប្ដូរព័ត៌មានរវាងរដ្ឋ និង ធុរជន (G2B) និង ផ្លាស់ប្ដូរព័ត៌មានរវាងធុរជន និង ធុរជន (B2B) ។

 ប្រព័ន្ធបញ្ជរតែមួយជាតិ បានចាប់ផ្ដើមដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ ២០១៩ ដោយមានក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនចូលរួមអនុវត្តជាមួយអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា រួមមាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ។ ទន្ទឹមនឹងនេះ ប្រព័ន្ធបញ្ជរតែមួយជាតិក៏បានដាក់ឱ្យដំណើរការនូវសេវាផ្ដល់លិខិតអនុញ្ញាតគយតាមអនឡាញផងដែរ ដែលអនុញ្ញាតឱ្យធុរជនស្នើសុំលិខិតអនុញ្ញាតគយដោយខ្លួនឯង មិនចាំបាច់ធ្វើដំណើរទៅកាន់អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជាឡើយ ។

ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងទិន្នន័យពន្ធដារ

ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងទិន្នន័យពន្ធដារ ជាប្រព័ន្ធដែលប្រើប្រាស់សម្រាប់គ្រប់គ្រងរាល់ប្រតិបត្តិការដែលជាមុខងារប្រតិបត្តិការស្នូលរបស់អគ្គនាយកដ្ឋានពន្ធដារ រួមមាន ការចុះបញ្ជីពន្ធដារ និង ការគ្រប់គ្រងព័ត៌មានអ្នកជាប់ពន្ធ (សហគ្រាស និង រូបវន្តបុគ្គល), ការគ្រប់គ្រងលើការប្រកាសពន្ធ  និង ការបង់ប្រាក់ពន្ធ, ការផ្ដល់សេវាអ្នកជាប់ពន្ធ, ការបង្វិលសងអាករលើតម្លៃបន្ថែមតាមអនឡាញ,  ការធ្វើសវនកម្មពន្ធ, ការគ្រប់គ្រងបំណុលពន្ធ និង បណ្ដឹងតវ៉ា ជាដើម ។ ប្រព័ន្ធនេះបានដាក់ឱ្យដំណើរការនៅតាមអង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានពន្ធដារចំនួន ៤៨ កន្លែង (រួមមាន នាយកដ្ឋានថ្នាក់កណ្ដាល, សាលាជាតិពន្ធដារ, ទីចាត់ការពន្ធដាររាជធានីភ្នំពេញ, សាខាពន្ធដារខេត្ត-ខណ្ឌ និង ការិយាល័យពន្ធដារក្រុង-ស្រុក), ធនាគារពាណិជ្ជដៃគូចំនួន ០៧, ក្រុមហ៊ុនបោះពុម្ពចំនួន ០១ និង រោងចក្រចំនួន ០១ សរុប ៥៧ កន្លែងនៅទូទាំងប្រទេស ដែលប្រើប្រាស់ដោយមន្ត្រីពន្ធដារ, បុគ្គលិករបស់ធនាគារពាណិជ្ជដៃគូ និង បុគ្គលិកក្រុមហ៊ុនបោះពុម្ពតែមបិ៍បារីសរុបចំនួនប្រមាណ ៥៥០០ នាក់ ។

ទន្ទឹមនឹងនេះ ប្រព័ន្ធគ្រប់គ្រងទិន្នន័យពន្ធដារបានដាក់ឱ្យដំណើរការនូវសេវាអនឡាញមួយចំនួនសម្រាប់អ្នកជាប់ពន្ធ និង សាធារណជន រួមមាន ការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (IT Platform), ការប្រកាសពន្ធអាជីវកម្ម, ការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ, ការបង់ប្រាក់ពន្ធ, ការស្នើសុំបង្វិលសង អតប, ការស្នើសុំជៀសវាងការយកពន្ធត្រួតគ្នា (DTA), ការស្នើសុំការលើកទឹកចិត្ត, ការប្រកាសពន្ធអាជីវកម្មសម្រាប់អ្នកជាប់ពន្ធតូច, ការបញ្ជូនឯកសារលិខិតប្រកាសពន្ធ និង ការគ្រប់គ្រងការសិក្សាពន្ធដារ ជាដើម ។ ទន្ទឹមនឹងនេះ កម្មវិធីទូរសព្ទដៃមួយចំនួនក៏ត្រូវបានបង្កើតឡើងដើម្បីផ្ដល់នូវព័ត៌មាន, ការជូនដំណឹង, ការគណនា និង ការបង់ប្រាក់ពន្ធសម្រាប់ជាជំនួយដល់អ្នកជាប់ពន្ធ និង សាធារណជនផងដែរ ដូចជា កម្មវិធីទូរសព្ទដៃអ្នកជាប់ពន្ធ, ការត្រួតពិនិត្យ និង តាមដានឯកសារ, ការត្រួតពិនិត្យ និង ផ្ទៀងផ្ទាត់លើលិខិតឧទ្ទេសនាមស្តីពីការចុះធ្វើសវនកម្ម, ការគណនាពន្ធលើបៀវត្ស, ការគណនាពន្ធលើមធ្យោបាយដឹកជញ្ជូន, ប្រតិទិនពន្ធដារ, ការជួបសន្ទនាផ្ទាល់ជាមួយមន្ត្រីជំនាញពន្ធដារ និង ការផ្ដល់ព័ត៌មានស្ដីពីពន្ធដារ ។

ថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា

ថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា (CamDX) គឺជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលរៀបចំ និង អភិវឌ្ឍឡើងដោយ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មីតេជោ, ដែលមានមុខងារជាហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការតភ្ជាប់ និង ផ្លាស់ប្ដូរទិន្នន័យរវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានផ្សេងគ្នា ដែលមានតម្រូវការក្នុងការផ្លាស់ប្ដូរទិន្នន័យរវាងគ្នាទៅវិញទៅមក ។ ប្រព័ន្ធនេះ មិនមានការរក្សាទុកទិន្នន័យរបស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានណាមួយនោះទេ គ្រាន់តែជាឧបករណ៍តភ្ជាប់រវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននានាក្នុងការផ្លាស់ប្ដូរទិន្នន័យរវាងគ្នាតែប៉ុណ្ណោះ ដោយធានាបាននូវសុចរិតភាព, ឯកជនភាពនៃទិន្នន័យ និង មានលក្ខណៈវិមជ្ឈការ ។

ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ

ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ហៅកាត់ថា NRMIS ប្រើប្រាស់សម្រាប់កត់ត្រា និង គ្រប់គ្រងចំណូលមិនមែនសារពើពន្ធដែលបានមកពីការផ្ដល់សេវាសាធារណៈ និង ការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ (ចំណូលពីកិច្ចសន្យា, សៀវភៅបន្ទុក, អាជ្ញាប័ណ្ណ ជាដើម), ការបង្វែរចំណូលចូលគណនីទោលរតនាគារ និង ការទូទាត់ប្រាក់រង្វាន់ ។ ប្រព័ន្ធនេះក៏ផ្ដល់លទ្ធភាពឱ្យអ្នកបង់ប្រាក់ អាចធ្វើការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក (e-Payment) បានផងដែរ ដែលបានដាក់ឱ្យដំណើរការសាកល្បងក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ និង ពង្រីកការអនុវត្តជាបន្តបន្ទាប់ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ ។

ប្រព័ន្ធ NRMIS បានដាក់ឱ្យប្រើប្រាស់នៅក្រសួង-ស្ថាប័នចំនួន ២៣ នៅថ្នាក់កណ្ដាល, អង្គភាព និង មន្ទីរជំនាញនៅថ្នាក់មូលដ្ឋានចំនួន ១៨ នៅទូទាំងរាជធានី-ខេត្ត, និង រតនាគាររាជធានី-ខេត្តទាំង ២៥ ដែលមានអ្នកប្រើប្រាស់ប្រមាណ ១២០០ នាក់ គិតត្រឹមឆ្នាំ ២០២០ ។

more_horiz
arrow_upward

ទៅខាងលើ