ព័ត៌មាន

កម្មវិធីបញ្ជ្រាបការយល់ដឹងអំពី “ហានិភ័យ និងសុវត្ថិភាពនៃការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងឌីជីថល”

នាព្រឹកថ្ងៃព្រហស្បតិ៍១១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ លោក ប៊ី ណារិន ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន  ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកកម្មវិធីបញ្រ្ជាបការយល់ដឹងស្តីពី “ហានិភ័យ និងសុវត្ថិភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងឌីជីថល” ជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង២៥ រាជធានី ខេត្ត ដែលមានសិក្ខាកាមចូលរួមសរុបប្រមាណ១៩០ រូប។

ការបញ្ជ្រាបការយល់ដឹងនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងផ្នែកសុវត្ថិភាពលើការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាព័ត៌មាន និងឌីជីថលឱ្យកាន់តែមានប្រសិទ្ធភាព និងកាត់បន្ថយនូវហានិភ័យដែលអាចកើតមានឡើងជាយថាហេតុពីការវាយប្រហាររបស់ជនអនាមិក ដែលអាចធ្វើឱ្យអ្នកប្រើប្រាស់មានការខាតបង់ផ្នែកហិរញ្ញវត្ថុ ការបែកធ្លាយព័ត៌មានសំខាន់ៗ ការខូចខាតកេរ្តិ៍ឈ្មោះ ឬត្រូវបានលួចប្រើប្រាស់អត្តសញ្ញាណធ្វើអំពើខុសច្បាប់ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាដើម។

គួរបញ្ជាក់ផងដែរថា នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃអគ្គលេខាធិការដ្ឋាន បានរៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹងនេះតាមប្រព័ន្ធសន្និសីទវីដេអូ Zoom ជូនអង្គភាពចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួន ៥ដង រួចមកហើយ តាំងពីឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្ន។ នៅក្នុងការបញ្ជ្រាបការយល់ដឹងនីមួយៗ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃអគ្គលេខាធិការដ្ឋានតែងតែខិតខំស្វែងរកនូវចំណេះដឹងថ្មីៗ គន្លឹះសំខាន់ៗក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ស្របទៅតាមយុគសម័យឌីជីថល ជូនដល់មន្រ្តីក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីមានលទ្ធភាពអាចចាប់យកបច្ចេកវិទ្យាព័ត៌មាន និងឌីជីថលមកប្រើប្រាស់ឱ្យអស់លទ្ធភាពក្នុងការបំពេញការងារបម្រើជាឧត្តមប្រយោជន៍អង្គភាព ស្ថាប័នទាំងមូល និងដើម្បីឱ្យយល់ដឹងច្បាស់ពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងឌីជីថលដែលកំពុងតែមានការវិវត្តយ៉ាងលឿនពីមួយថ្ងៃទៅមួយថ្ងៃប្រកបដោយសុវត្ថិភាពត្រឹមត្រូវស្របតាមលក្ខណបច្ចេកទេស និងស្តង់ដារសុវត្ថិភាព ដែលអាចបញ្ជៀសបាននូវការឆបោក ឬ ការលួចយកទិន្នន័យផ្សេងៗពីសំណាក់ជនអនាមិកដោយសារការធ្វេសប្រហែស និងកង្វះចំណេះដឹង។

more_horiz
arrow_upward

ទៅខាងលើ