ព័ត៌មាន

ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ប្រកាស​ដាក់​ដំណើរការ​ជា​ផ្លូវការ ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន ដំណាក់កាល​ទី ២

នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាសពិធីដាក់ដំណើរការជាផ្លូវការ ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី ២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីក្រសួង-ស្ថាប័នដែលបានចូលរួមការងារចុះបញ្ជីអាជីវកម្មថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី ១ និង ដំណាក់កាលទី ២, តំណាងសមាគម, អង្គការសង្គមស៊ីវិល, ដៃគូអភិវឌ្ឍន៍, ស្ថានទូត និងគ្រឹះស្ថានសិក្សា ។

ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន គឺជា​ការកែទម្រង់​មុត​ស្រួច​ជា​កញ្ចប់​របស់ សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ដាក់ចេញ ក្នុង​វេទ​កា​រាជរដ្ឋាភិបាល-ផ្នែកឯកជន លើក​ទី១៨ កាលពី​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ ។ ក្នុង​ដំណាក់កាល​ទី ១ ប្រព័ន្ធ​បាន​គ្រប​ដណ្តប់​លើ​ការចុះបញ្ជី​ពាណិជ្ជកម្ម​របស់ ក្រសួង​ពាណិជ្ជកម្ម, ការចុះបញ្ជី​ពន្ធដារ​របស់ អគ្គនាយក​ដ្ឋាន​ពន្ធដារ និង​ការ​ផ្តល់​សេចក្តី​ប្រកាស​ជូនដំណឹង​បើក​សហគ្រាស​របស់ ក្រសួងការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​បាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នា​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ។ ដោយឡែក ក្នុង​ដំណាក់កាល​ទី២ នេះ ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​ពង្រីក​វិសាលភាព​ដល់​ការ​ស្នើសុំ​អាជ្ញា​បណ្ណ ឬលិខិត​អនុញ្ញា​តផ្សេងៗតាម​អន​ឡាញ ទៅតាម​សកម្មភាព​អាជីវកម្ម ពី​ក្រសួង-ស្ថាប័ន​ជំនាញ​ដែល​មាន​តួនាទី​ត្រួតពិនិត្យ​ផ្នែក​បច្ចេកទេស​តាម​វិស័យ ។ ក្នុង​នោះ ក្រសួង-ស្ថាប័ន​ចំនួន ៤ បាន​ចូលរួម​ក្នុង​ដំណាក់កាល​ទី ២ នេះ រួមមាន៖ ១-ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍, ២-ក្រសួងទេសចរណ៍, ៣-ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង ៤- និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ និង​បញ្ចាំ នៃ អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ ៕

more_horiz
arrow_upward

ទៅខាងលើ