ទិដ្ឋភាពទូទៅនៃមុខងារ របស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់គ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS)

អនុវត្តតាមយុទ្ធសាស្រ្តកៀរគរចំណូលរបស់រាជរដ្ឋាភិបាល ដើម្បីគ្រប់គ្រងចំណូលមិនមែនសារពើពន្ធប្រកបដោយប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព នៅក្នុងក្របខណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំបង្កើតឡើងនូវ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (Non-Tax Revenue Management Information System – NRMIS) ។ ប្រព័ន្ធនេះត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការនៅរដ្ឋបាលកណ្ដាលក្រសួង ស្ថាប័ន ចំនួន ២៣ និងមន្ទីរ អង្គភាពជំនាញ ចំនួន ១៨ នៅរាជធានី ខេត្ត សម្រាប់ដំណាក់កាលទី១ ហើយគ្រោងនឹងដាក់ឱ្យអនុវត្តបន្ត ទៅដល់រដ្ឋបាលរាជធានី ខេត្ត និងរដ្ឋបាលខេត្តទូទាំងប្រទេស នៅដំណាក់កាលទី២ ជំហានទី១ ក្នុងឆ្នាំ ២០២១ និងដំណាក់បន្តបន្ទាប់ទៀត។
ប្រព័ន្ធ NRMIS មានវិសាលភាពគ្រប់គ្រង និង កត់ត្រាលើ ចំណូលសេវាសាធារណៈ ចំណូលទ្រព្យសម្បត្តិរដ្ឋ ចំណូលសហគ្រាសសាធារណៈ ចំណូលពីការពិន័យ និង ចំណូលផ្សេងៗ ។ ប្រព័ន្ធNRMIS ជួយក្នុងការគ្រប់គ្រងការប្រមូល និង កត់ត្រាចំណូលមិនមែនសារពើពន្ធទៅតាមប្រភេទនៃចំណូលនិងមាតិកាថវិកា, គ្រប់គ្រង និងតាមដានបំណុលអ្នកជាប់កាតព្វកិច្ចបង់ចំណូល, គ្រប់គ្រងការបែងចែកនិងទូទាត់រង្វាន់ ជាដើម ដែលរួមមាននូវមុខងារជាចម្បង ដូចខាងក្រោម៖
- ការគ្រប់គ្រងប្រតិបត្តិការចំណូល
- ការបង្កើតវិក្កយបត្រចំណូល
- ការបង់ចំណូល (បណ្ណបង់ប្រាក់នៅធនាគារ)
- ការបង្វែរចំណូលចូលថវិកាជាតិ (សលាបត្របង្វែរចំណូលថវិកាជាតិ)
- ការទូទាត់ប្រាក់រង្វាន់ (សលាកបត្រទូទាត់ប្រាក់រង្វាន់)
- ការផលិតរបាយការណ៍ចំណូលមិនមែនសារពើពន្ធ
- ការធ្វើសន្ធានកម្មទិន្នន័យជាមួយប្រព័ន្ធ FMIS និង ប្រព័ន្ធពាក់ព័ន្ធផ្សេងៗ ។
បន្ថែមលើនេះប្រព័ន្ធ NRMIS មានភ្ជាប់ជាមួយមុខងារទូទាត់អេឡិចត្រូនិក (e-Payment) ដើម្បីផ្តល់ជាជម្រើសបន្ថែមដល់សាធារណជនក្នុងការបង់ចំណូលមិនមែនសារពើពន្ធ ដែលបាននិងកំពុងដាក់ឱ្យអនុវត្តនៅក្រសួងនិងមន្ទីរជំនាញក្រោមឱវាទ ចំនួន ០៣ សម្រាប់ ជំហានទី១ និងគ្រោងបន្តដាក់ឱ្យអនុវត្តនៅក្រសួង ស្ថាប័ន និងមន្ទីរជំនាញក្រោមឱវាទ ចំនួន ១០ នៅជំហានទី២ និង ១០បន្ថែមទៀត នៅជំហានទី៣ ក្នុងឆ្នាំ ២០២១។