ព័ត៌មាន

ការ​ធ្វើ​ឌីជីថលូ​បនី​យក​ម្ម (Digitalization) គឺជា​គោលដៅ​អាទិភាព​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​លើកកម្ពស់​ការ​ស្ដារ​ឡើងវិញ​នូវ​សេដ្ឋកិច្ច​សង្គម​

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានមានប្រសាសន៍ក្នុងឱកាសនៃសិន្និសីទអន្តរជាតិលើកទី៥ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ក្រោមប្រធានបទ “Economic Policies for Crisis Recovery and Nation-Building – គោលនយោបាយសេដ្ឋកិច្ចសម្រាប់ការស្ដារឡើងវិញពីវិបត្តិ និងការកសាងជាតិ” តាមរយៈប្រព័ន្ធវីដេអូ (Videoconference) ថា ការងារជាអាទិភាពដើម្បីលើកកម្ពស់ការស្ដារឡើងវិញនៃសេដ្ឋកិច្ចសង្គមប្រកបដោយភាពធន់ និងបរិយាប័ន្ន, កិច្ចការងារជាអាទិភាពដែលរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់បន្ថែមទៀតនោះគឺមានប្រាំចំណុចធំៗ រួមមាន៖

ទី១.ការប្រកាន់យកអាទិភាពខ្ពស់ និងភាពចាំបាច់បំផុតក្នុងការធានាថាវ៉ាក់សាំងដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) និងថ្នាំព្យាបាលជំងឺកូវីដ -១៩ គឺជាទំនិញសាធារណៈរបស់ពិភពលោកដែលនឹងត្រូវផ្គត់ផ្គង់និងចែកចាយដល់ប្រទេសនីមួយៗដោយគ្មានរបៀបវារៈនយោបាយ,

ទី២.ការរៀបចំ និងដាក់ចេញនូវគោលនយោបាយនិងវិធានការនានាដើម្បីសម្រួលដល់ការផ្លាស់ប្តូរទៅកាន់បរិបទនៃប្រក្រតីភាពថ្មី ទាំងផ្នែកសេដ្ឋកិច្ច និងសង្គម,

ទី៣.ការបន្តពង្រឹងសកលភាវូបនីយកម្មក៏ដូចជាការធានាថាយន្តការសហប្រតិបត្តិការបន្តរក្សាស្មារតីបើកចំហ និងគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី,

ទី៤.ការលើកកម្ពស់ការអភិវឌ្ឍវិស័យពាក់ព័ន្ធសំខាន់ៗ ដូចជា: (១).ការធ្វើឌីជីថលូបនីយកម្ម ដោយផ្តល់អាទិភាពដល់ការកសាងរដ្ឋាភិបាលឌីជីថល និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដើម្បីពង្រីកនូវអត្ថប្រយោជន៍ជាអតិបរមាពីបច្ចេកវិទ្យាឌីជីថល  (២).ការអភិវឌ្ឍភាពធន់នៃសង្គម ដោយផ្តោតលើការអភិវឌ្ឍប្រព័ន្ធសុខភាពសាធារណៈ និងប្រព័ន្ធគាំពារសង្គម (៣).ការអភិវឌ្ឍធនធានមនុស្ស និង (៤).ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, ថាមពល និងបច្ចេកវិទ្យាបៃតង ដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ, និង

ទី៥. ការលើកកម្ពស់ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធជាពិសេសវិស័យឯកជន និងដៃគូអភិវឌ្ឍ ដើម្បីកៀរគរធនធានបន្ថែមទាំងផ្នែកហិរញ្ញវត្ថុនិងមិនមែនហិរញ្ញវត្ថុ ។

more_horiz
arrow_upward

ទៅខាងលើ