ព័ត៌មាន

សិក្ខា​សាលា​ផ្សព្វផ្សាយ​ស្តី​ពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​គ្រប់គ្រង់​ចំណូល​មិនមែន​សារពើពន្ធ (Non-tax Revenue Management Information System – NRMIS) ជូន​ដល់​រដ្ឋបាល​រាជធានី-ខេត្ត

នាព្រឹកថ្ងៃសុក្រ ៧ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២១ ក្រុមការងារបច្ចេកទេសដើម្បីសម្រួលនីតិវិធីកត់ត្រាចំណូលមិនមែនសារពើពន្ធ (ក.ម.ព) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រង់ចំណូលមិនមែនសារពើពន្ធ (Non-tax Revenue Management Information System – NRMIS) ជូនដល់រដ្ឋបាលរាជធានី-ខេត្ត តាមប្រព័ន្ធអនឡាញ ដែលជាផ្នែកមួយនៃការងារកែទម្រង់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ អនុលោមតាមយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ របស់រាជរដ្ឋាភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ និង ជាប្រធានក្រុមការងារ ក.ម.ព និង ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ និង ជាអនុប្រធានក្រុមការងារ ក.ម.ព ។
សិក្ខាសាលាខាងលើនេះ មានគោលបំណងផ្សព្វផ្សាយបន្ថែមអំពីការបន្តពង្រីកការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅរដ្ឋបាលរាជធានី-ខេត្ត ក្នុងន័យជូនដំណឹងដល់រដ្ឋបាលរាជធានី-ខេត្ត ព្រមទាំង អង្គភាពពាក់ព័ន្ធនៅថ្នាក់មូលដ្ឋាន ឱ្យត្រៀមលក្ខណៈឱ្យបានពេញលេញក្នុងការប្រើប្រាស់ប្រព័ន្ធ NRMIS សម្រាប់គ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធសម្រាប់ថ្នាក់ក្រោមជាតិ ។
ឯកឧត្តម វង់ សណ្តាប់ បានមានប្រសាសន៌ថា ការបន្តពង្រីកការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធនេះ បញ្ជាក់យ៉ាងច្បាស់អំពីការបន្តការងារកែទម្រង់កាន់តែមុតស្រួច និង ស៊ីជម្រៅ ជាពិសេស ក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច ពង្រឹងភាពប្រកួតប្រជែង និង ជំរុញការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព និង ភាពស័ក្តិសិទ្ធិ រួមចំណែកក្នុងការអនុវត្តឱ្យចេញជាផ្លែផ្កានូវកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ ។ ឯកឧត្តម បានសង្កត់បន្ថែមថា ជាការពិតណាស់ថា ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ឬ ប្រព័ន្ធឌីជីថល គឺជាការចាំបាច់ និង សំខាន់នៅក្នុងយុគសម័យឌីជីថល និង ក្នុងបរិការណ៍ឧស្សាហកម្ម ៤.០ ដែលផ្ដោតជាសំខាន់លើការធ្វើបរិវត្តកម្មឌីជីថល ក្នុងការទាញយកនូវអត្ថប្រយោជន៍ និង តម្លៃបន្ថែមជាអតិបរមាលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការកាត់បន្ថយបាននូវពេលវេលា ចំណាយលើសម្ភារៈការិយាល័យ និង ធនធានមនុស្ស ជាដើម ។
សូមបញ្ជាក់ផងដែរថា គិតត្រឹមឆ្នាំ២០២១ នេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដាក់ឱ្យដំណើរការប្រព័ន្ធ NRMIS នៅគ្រប់ក្រសួង-ស្ថាប័ន និង មន្ទីរជំនាញដែលមានចំណូលមិនមែនសារពើពន្ធជាប្រចាំ, បានដាក់ឱ្យអនុវត្តសាកល្បងនូវការបង់ចំណូលមិនមែនសារពើពន្ធតាមប្រព័ន្ធអេឡិចត្រូនិក (e-Payment) និង រៀបចំរួចជាស្រេចសម្រាប់ការបន្តដាក់ឱ្យអនុវត្តប្រព័ន្ធ NRMIS ទៅដល់រដ្ឋបាលរាជធានី- ខេត្ត ជាមួយនឹងការធ្វើសន្ធានកម្មផ្លាស់ប្ដូរទិន្នន័យចំណូលមិនមែនសារពើពន្ធដែលបានកត់ត្រារួចជាស្រេចនៅក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់អង្គភាពច្រកចេញចេញចូលតែមួយនៃរដ្ឋបាលរាជធានី-ខេត្ត ដើម្បីសម្រួលដល់ការកត់ត្រា ការតាមដាន និង ការបង់ចំណូលឱ្យកាន់តែមានប្រសិទ្ធភាព ឆាប់រហ័ស និងមានគណនេយ្យភាព សំដៅ និង ធានាដល់ការប្រមូលចំណូលចូលថវិការដ្ឋឱ្យបានពេញលេញ និងគ្រប់ជ្រុងជ្រោយ។

more_horiz
arrow_upward

ទៅខាងលើ